ករណីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៣ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការសុខភាពពិភពលោកបានចេញសេចក្ដីប្រកាសរួមម្ដងទៀតស្ដីពីការរកឃើញករណីថ្មីទី៩នៃជម្ងឺផ្ដាសាយបក្សីលើមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០១៣។
រូបភាពគេហទំព័រសុខភាពកម្ពុជា
ករណីទី៩ កើតលើបុរសម្នាក់អាយុ៣៥ឆ្នាំ ដែលមានទីលំនៅក្នុងភូមិក្បាលអូរ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០១៣ ថាមានជម្ងឺផ្ដាសាយបក្សីH5N1។ បុរសនេះចាប់ផ្ដើមឈឺ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយមានគ្រុនក្ដៅ បន្ទាប់មកស្ថានភាពរបស់គាត់កាន់តែធ្ងន់ធ្ងរ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយមានគ្រុនក្ដៅ ក្អកញឹកញាប់ និងហត់។ បុរសនេះបានទទួលការព្យាបាលដំបូង នៅពេទ្យឯកជន ប៉ុន្តែគ្មានប្រសិទ្ធភាព បន្ទាប់មកត្រូវបានដាក់អោយសំរាកនៅមន្ទីពេទ្យបង្អែកខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែកុម្ភៈ ដោយមានគ្រុនក្ដៅ ក្អកខ្លាំង និងហត់ និងត្រូវទទួលបានការព្យាបាលឱសថTamiflu ភ្លាមៗ។ អ្នកជម្ងឺមានជម្ងឺសួត នៅថ្ងៃទី២១ ខែកុម្ភៈ និងត្រូវបានបញ្ជួនបន្តទៅមន្ទីពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។ ទោះជាមានការជួយសង្រ្គោះ យ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ ក៏បុរសនេះបានបាត់បង់ជីវិត នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៣។ មានភស្តុតាងបង្ហាញថា មានបសុបក្សីងាប់ នៅក្នុងភូមិ និងបុរសនេះបានប៉ះពាល់ជាមួយសត្វទាងាប់ មុនថ្ងៃចាប់ផ្ដើឈឺ។ បុរសនេះជាមនុស្សទី៩ ក្នុងឆ្នាំនេះ និងជាករណីទី៣០ ដែលឆ្លងវីរុសផ្ដាសាយH5N1 និងជាករណីទី២៧ ដែលស្លាប់ដោយសារជម្ងឺនេះ។ ២០ករណីក្នុងចំណោម ករណីផ្ដាសាយបក្សីទាំង៣០ ដែលកើតមានឡើង នៅព្រះរាជាណាចក្រកម្ពុជា កើតលើកុមារអាយុ១៤ឆ្នាំ និង១៩ករណី ក្នុងចំណោមករណីផ្ដាសាយបក្សីទាំង៣០ជានារី។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលមានប្រសាសន៍ថា “ជម្ងឺផ្ដាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់ សុខភាពប្រជាពលរដ្ឋកម្ពុជា។ នេះជាករណីផ្ដាសាយបក្សីទី៩ ដែលកើតមានលើមនុស្សក្នុងដើមឆ្នាំនេះ។ ការប្រឈមចំបងបំផុតចំពោះវីរុសគឺ តាមរយៈការប៉ះពាល់ និងសំលាប់បសុបក្សី មានជម្ងឺ។ ការសំលាប់និងរៀបចំបសុបក្សីដែលឈឹឬងាប់ សំរាប់ធ្វើម្ហូបគឺជាការគ្រោះថ្នាក់ ហើយឥរិយាបថនេះ ត្រូវតែបញ្ឈប់ ហើយកុមារនៅតែមានភាពងាយរងគ្រោះច្រើន និងមានហានិភ័យខ្ពស់ ពីព្រោះពួកគេចូលចិត្ត លេងកន្លែងដែលមានបសុបក្សី។ ខ្ញុំសូមរំលឹក ឪពុកម្ដាយ និងអ្នកថែទាំកុមារទាំងអស់ ត្រូវដាក់កុមារ នៅអោយឆ្ងាយ ពីសត្វបក្សីឈឺឬងាប់ និងព្យាយាមអោយកុមារលេង អោយឆ្ងាយពីមាន់និងទា។ ឪពុកម្ដាយ និងអ្នកថែទាំកុមារទាំងអស់ត្រូវប្រាកដថា កុមារលាងដៃជាមួយសាប៊ូ បន្ទាប់ពីប៉ះពាល់ជាមួយបសុបក្សី។ ប្រសិនជាពួកគេមានដង្ហើមញាប់ ឬពិបាកដកដង្ហើម ត្រូវនាំកុមារទៅរកការព្យាបាលជាបន្ទាន់ នៅគ្រឹះស្ថានសុខាភិបាល ដែលនៅជិតផ្ទះរបស់លោកអ្នកបំផុត ហើយត្រូវប្រាប់មន្រ្តីសុខាភិបាល អំពីប្រវត្តិ ប៉ះពាល់ជាមួយសត្វបក្សីឈឺឬងាប់” សម្រាប់អត្ថបទបន្ថែម លោកអ្នកអាចចុចអាន “កុមារកម្ពុជា៦នាក់កើតជម្ងឺផ្ដាសាយបក្សីនៅដើមឆ្នាំ២០១៣” និង” H5N1នៅកម្ពុជា៖ ករណីទី៧ កើតមាន រីឯករណីទី៥ស្លាប់ ” ដើម្បីជ្រាបពត័មាន។
អត្ថបទដោយ ៖ សុខភាពកម្ពុជា
ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៣













