flatnews

-ជនរងគ្រោះដែលរងរបួសធ្ងន់ រហូតដល់ពិការ ទាំងប្តី -ប្រពន្ធ និងកូនស្រី សូមអំពាវនាវ ឲ្យសម្តេចតេជោ ជួយ អន្តរាគមន៍

ភ្នំពេញ  សំណុំរឿងឧកញ៉ា យ៉ែម កុសល បើករថយន្ដបុក៣នាក់ ប្ដី-ប្រពន្ធ និងកូនស្រី បណ្ដាលឱ្យរង របួសធ្ងន់ និងពិការរហូតមក ដល់ពេលនេះ មិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ ហើយឧកញ៉ារូបនេះ ដែលអាងអំណាច និងលុយកាក់ នៅបន្ដមានសេរីភាពដដែល បើទោះបីតុលាការ រាជធានីភ្នំពេញបាន ចេញដីកាតាមចាប់ខ្លួន ក្រោយពីមានពាក្យ បណ្ដឹងរបស់ជនរងគ្រោះ ក៏ដោយនោះ ។

ហេតុដូច្នេះ ជនរងគ្រោះ ទាំងបីនាក់ប្តី-ប្រពន្ធ និងកូនស្រី មានតែអំពាវនាវដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍ ក្នុងសំណុំរឿងមួយនេះ កុំធ្វើឲ្យប្រជាពលរដ្ឋ របស់សម្តេចអស់សង្ឃឹម ពីព្រោះតែរឿង អយុត្តិធម៌បែបនេះ ។

គួររំលឹកថា កាលពីវេលាម៉ោង១១ និង ៣០នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៣ កន្លងទៅ មានករណី បើករថយន្ដបុកបុរស និងស្ដ្រីពីរនាក់ប្ដី-ប្រពន្ធ រួមទាំងកូនស្រីអាយុ១៨ឆ្នាំ បណ្ដាលឱ្យរង របួសធ្ងន់ ហើយ ជ្រុលទៅបុក រថយន្ដកាមរី បាឡែន ១គ្រឿង របស់ស្ដ្រីម្នាក់ដែលមាន គេហដ្ឋាននៅក្បែរកន្លែងកើតហេតុ ស្ថិតនៅមុខផ្ទះជនរងគ្រោះ លេខ ៧៦ ក្នុងភូមិ គោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលជន បង្កនោះគឺឧកញ៉ា យ៉ែម កុសល បើករថយន្ដ ឡង់រ៉ូវ៉ែរ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-2323 ។

ក្រោយបង្កហេតុ បណ្ដាលឱ្យលោក នី សាត អាយុ៤៩ ឆ្នាំ រងរបួសធ្ងន់ ហើយធ្លាក់ខ្លួនពិការ មិនអាចរកស៊ី និងបម្រើការងារចិញ្ចឹមកូន និងប្រពន្ធតទៅទៀតនោះ អ្នកស្រី ទេព នីហ្សា អាយុ ៤១ឆ្នាំជាប្រពន្ធ រងរបួស និងកូនស្រីឈ្មោះ សាត នីតា អាយុ ១៩ឆ្នាំ រងរបួសបាក់ដៃ ហើយរថយន្ដ ១គ្រឿង ម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2W-1376 ដែលជាកម្មសិទ្ធិ របស់ស្ដ្រីឈ្មោះ ហែម ស៊ីថា អាយុ ជាង ៦០ឆ្នាំ ដែលមានគេហដ្ឋាននៅក្បែរ កន្លែងកើតហេតុនោះ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។

បន្ទាប់ពីបង្កហេតុ ឧកញ៉ា យ៉ែម កុសល បានបើករថយន្ដគេចខ្លួនបាត់ ហើយជនរង គ្រោះទាំង៣នាក់ ប្តី-ប្រពន្ធ-កូន និងស្ដ្រីម្ចាស់ រថយន្ដកាមរីបាឡែន បានដាក់ពាក្យបណ្ដឹង ទៅកាន់សមត្ថកិច្ច និងតុលាការដើម្បី ចាត់ការតាមផ្លូវច្បាប់ ចាប់ខ្លួនឧកញ៉ារូបនេះ។ លោក នី សាត នៅយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ នេះ បាននិយាយថា សំណុំរឿងរបស់លោក មិនទាន់ត្រូវបាន ដោះស្រាយនោះទេ ហើយបើទោះបីតុលា ការចេញដីកា តាមចាប់ខ្លួនឧកញ៉ា យ៉ែម កុសល ក៏ដោយ ប៉ុន្ដែ រូបគេនៅតែមានសេរីភាពដដែល ។

លោក នី សាត ដែលអះអាងថា ខ្លួន ពិការដើរមិនរួច សូមអំពាវនាវឱ្យថ្នាក់ដឹកនាំ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជួយពន្លឿន សំណុំរឿងនេះផង ដែលឧកញ៉ា យ៉ែម កុសល បានបង្ក ហើយមិនទទួលខុសត្រូវ។ ជាមួយគ្នានេះ លោក នី សាត បានដក ស្រង់ពាក្យសំដី របស់មេធាវីការពារក្ដីឱ្យ ឧកញ៉ា យ៉ែម កុសល លោក នី គឹមហោ ថា នឹងមិនសងមួយកាក់ មួយសេននោះឡើយ ចង់ប្ដឹងទៅដល់ណា ក៏ប្ដឹងទៅ ។

យោងតាម ប្រភពព័ត៌មាន ពីជនរងគ្រោះ បានឱ្យដឹងទៀតថា នៅវេលាម៉ោងកើត ហេតុខាងលើនោះ ដោយសារតែការជជែកគ្នា រវាងពួកគេ និងឧកញ៉ា យ៉ែម កុសល ខណៈកំពុងអង្គុយផឹកស៊ី នៅក្បែរផ្ទះរបស់ពួកគេ មិនត្រូវគ្នា ស្រាប់តែឧកញ៉ារូបនេះ បើករថយន្ដមកផ្ទះរបស់ពួកគេ ហើយបុកតែម្ដង បណ្ដាលឱ្យរងរបួសធ្ងន់ទាំង៣នាក់ ។

ក្រោយពីដាក់ពាក្យបណ្ដឹង ទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០១៣ ចៅក្រម ស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ លោក ជា សុខហៀង បានចេញដីកាបង្គាប់ ឱ្យចាប់ខ្លួនឧកញ៉ា យ៉ែម កុសល ប៉ុន្ដែរហូត មកដល់ពេលនេះពោលជាង៤ខែហើយ សមត្ថកិច្ចមិនទាន់បាន ចាប់ខ្លួននៅឡើយទេ ហើយឧកញ៉ារូបនេះ នៅបន្ដមានសេរីភាពដដែល។

ជាមួយគ្នានេះ មជ្ឈដ្ឋានមួយចំនួនបាន លើកឡើងថា បើសិន ឧកញ៉ាមួយនេះ បង្កហេតុ រហូតដល់មានអ្នករបួសធ្ងន់ និងធ្លាក់ខ្លួនពិការយ៉ាងដូច្នេះ ហើយទាំងសមត្ថកិច្ច និងស្ថាប័នតុលាការ ទាំងមូល មិនអាចធ្វើអ្វីកើតនោះ តើមានយុត្តិធម៌ឯណា សម្រាប់ជនក្រីក្រ និងទន់ខ្សោយ ពោលនៅពេលណា មានលុយ និងមានបុណ្យស័ក្តិ គឺអាចនៅក្រៅសំណាញ់ច្បាប់ បានយ៉ាងស្រួល តែបើជនបង្កជាជនក្រីក្រ និងគ្មានលុយ គ្មានកាក់ វិញនោះ ច្បាស់ជាតាមចាប់ខ្លួនបានភ្លាមៗ រួចបញ្ជូនទៅតុលាការផ្តន្ទាទោស តាមផ្លូវច្បាប់ ដាក់ពន្ធនាគារ គ្មានថ្ងៃចេញឡើយ។

ដោយសារតែ ទង្វើបែបនេះ បានធ្វើឲ្យប្រជាពលរដ្ឋ ជាច្រើននាក់ ដែលទទួលរងនូវការឈឺចាប់ និងភាពអយុត្តិធម៌ ងាកនិន្នាការនយោបាយ ខណៈដែលពួកគេដឹងថា ថ្នាក់ដឹកនាំប្រទេសគ្មានគោលនយោបាយនេះឡើយ តែទាំងអស់នោះ គឺមន្ត្រីថ្នាក់ក្រោម តែប៉ុណ្ណោះ ដូចពាក្យបូរាណពោលថា «ត្រីមួយកន្ត្រក ស្អុយមួយ គឺស្អុយទាំងអស់ហើយ»៕









Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item