ភាពតានតឹងរវាងបារាំង និងអាល្លឺម៉ង់ជាមួយនឹងសហរដ្ឋអាមេរិកចាប់ផ្ដើមធ្វើឱ្យប្រទេសសម្ព័ន្ធមិត្តទាំងបីមើលមុខគ្នាមិនចំហើយនៅក្នុងសប្ដាហ៍នេះ បន្ទាប់ពីមានរបាយការណ៍លេចធ្លាយពីការលួចស្ដាប់ទូរសព្ទពីទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) មកលើមេដឹកនាំប្រទេសអឺរ៉ុបទាំងពីរខាងលើ។
ដោយបានថ្លែងបន្ទាប់ពីជំនួបកំពូលមេដឹកនាំសហភាពអឺរ៉ុបកាលពីម្សិលមិញ លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel បានមានប្រសាសន៍ថា ទីក្រុងវ៉ាស៊ីនតោនបានរំលោភលើកិច្ចព្រមព្រៀងរួមស្ដីពីភាពគ្មានចារកម្ម (No-spying Agreement) របស់ខ្លួនជាមួយទីក្រុងប៊ែរឡាំង និងទីក្រុងប៉ារីសនៅពេលកន្លងមក។
តាមការអះអាងរបស់លោកស្រី ទីភ្នាក់ងារសន្តិសុខជាតិរបស់អាមេរិកបានលួចស្ដាប់ការឆ្លើយឆ្លងតាមទូរសព្ទរបស់បារាំងរាប់ពាន់ខ្សែ ហើយចុងក្រោយនេះ គឺលោកស្រីផ្ទាល់ក៏ត្រូវបានទីភ្នាក់ងារសន្តិសុខមួយនេះបានលួចស្ដាប់ការឆ្លើយឆ្លងទូរសព្ទផងដែរ។ លោកស្រីបានពាណ៌នាថា នេះគឺជាការរំលោភសេចក្ដីទុកចិត្តយ៉ាងធ្ងន់ធ្ងរមកលើប្រទេសបារាំង និងលោកស្រី ហើយថា លោកអូប៉ាមាមិនត្រូវសូមទោសត្រឹមតែពាក្យសម្ដីនោះឡើយ។
សូមចុចអាន៖ យុវជនខ្មែរចាប់យកជំនាញនុយក្លេអ៊ែរ ខណៈពិភពលោកកំពុងខ្លាចរអា
ប្រការនេះ បានធ្វើឲ្យទំនាក់ទំនងការទូតរបស់អាមេរិក ជាមួយបារាំង និងអាល្លឺម៉ង់ ដែលជាសម្ព័ន្ធមិត្តចាស់ឆ្នាំរបស់ខ្លួនកាន់តែធ្ងន់ធ្ងរឡើង រហូតធ្វើឲ្យលោកស្រី Angela Merkel កោះហៅឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅទីក្រុងប៊ែរឡាំង ឲ្យមកជួប ដើម្បីទាមទារឲ្យមានការបកស្រាយបំភ្លឺជុំវិញរឿងនេះកាលពីម្សិលមិញ។
នៅថ្ងៃពុធកន្លងទៅ លោកប្រធានាធិបតីបារាំង បានបញ្ជាក់ទៅទីភ្នាក់ងារចារកម្មអាមេរិក ដើម្បីសហការគ្នាជាមួយទីភ្នាក់ងារចារកិច្ចខ្លួន ស្វែងរកដំណោះស្រាយរួមលើបញ្ហានេះ និងដើម្បីគ្រប់គ្រងរឿងរ៉ាវទាក់ទងនឹង Edward Snowden ដែលធ្លាប់បម្រើការអោយទីភ្នាក់ងារចារកម្មអាមេរិកផងដែរ៕













