ថ្ងៃ​បុណ្យ​ហាឡូវីន​ (Halloween) ​តែង​តែ​រៀបចំ​នៅ​ថ្ងៃ​ទី៣១​តុលា​រាល់​ឆ្នាំ​។ ពិធី​បុណ្យ​ហាឡូវីន​និយម​រៀប​ចំ​ឡើង​នៅ​ប្រទេស​លោក​ខាង​លិច​ដូច​ជា​សហរដ្ឋ​អាមេរិក​ អង់គ្លេស​និង​ អៀរឡង់​ជា​ដើម​។​ចំណែក​ប្រទេស​ខ្លះ​ទៀត​រៀបចំ​កម្មវិធី​បុណ្យ​នេះ​ដើម្បី​លេង​សប្បាយ​។​​​

​ក្នុង​រាត្រី​ថ្ងៃ​ហាឡូវីន​ តំបន់​ខ្លះ​និង​រៀបចំ​តុបតែង​ផ្ទះ​ដោយ​អំពូល​ភ្លើង​យ៉ាង​ស្រស់​ស្អាត​ ហើយ​អ្វី​ដែល​ខ្វះ​មិន​បាន​នោះ​គឺ​ គោម​ភ្លើង​ផ្លែ​ល្ពៅ​ឆ្លាក់​ដែល​ហៅ​ថា jack-o’-lantern (ជេកអូឡែនធឺន) ដែល​អាច​ចាត់​ថា​លក្ខណៈ​សម្គាល់​សម្រាប់​ថ្ងៃ​បុណ្យ​ហា​ឡូវីន​ក៏​ថា​បាន​ដែរ។ ចំណែក​ក្មេង​ៗ​វិញ​និង​តុបតែង​ខ្លួន​ជា​ខ្មោច​បិសាច​និង​មេធ្មប់​ហើយ​បបួល​គ្នា​ទៅ​គោះ​តាម​ទ្វារ​ផ្ទះ​ ដោយ​ផ្ដោត​លើ​ផ្ទះ​​មាន​គោមភ្លើង​ផ្លែ​ល្ពៅ​ ព្រម​ទាំង​សួរ​ម្ចាស់​ផ្ទះ​ថា​ “Trick or treat” ដែល​ជា​ការ​លេង​ម្យ៉ាង​សម្រាប់​ថ្ងៃ​បុណ្យ​នេះ​។

ប្រវត្តិ​ថ្ងៃ​ហាឡូវីន​ ៖
ថ្ងៃ​ទី​៣១ខែ​តុលា​ជា​ថ្ងៃ​ដែល​ជនជាតិ​ខេល​ (Celt) ជា​ជនជាតិ​ភាគតិច​មួយ​នៅ​អៀរឡង់​ជា​ថ្ងៃ​បញ្ចប់​នៃ​រដូវ​ក្ដៅ​​ ជា​ថ្ងៃ​ដែល​ទាំង​អ្នក​ស្លាប់​និង​អ្នក​រស់​មាន​ទំនាក់ទំនង​គ្នា​ វិញ្ញាណ​របស់​អ្នក​ស្លាប់​និង​ស្វែង​រក​រាងកាយ​របស់​ដោយ​សង្ឃឹម​ថា​នឹង​មាន​ជីវិត​រស់​ឡើង​ម្ដង​ទៀត​។ ដោយ​សារ​មូលហេតុ​នៃ​ការ​ជឿ​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​មនុស្ស​រស់​ត្រូវ​ខិតខំ​រក​គ្រប់​វិធី​ដើម្បី​បញ្ចៀស​មិន​ឲ្យ​វិញ្ញាណ​ទាំង​នោះ​មក​សណ្ឋិត​ក្នុង​រាង​កាយ​ពួក​គេ​បាន​  ដូច្នេះ​ជនជាតិ​ខេល​ក៏​បិទ​ភ្លើង​ក្នុង​ផ្ទះ​ដើម្បី​ឲ្យ​អាកាសធាតុ​ត្រជាក់​ដែល​មិនមែន​ជា​ក្ដី​ប្រាថ្នា​របស់​ខ្មោច​ព្រាយ​បិសាច​មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​តុបតែង​ខ្លួន​ឲ្យ​ប្លែក​ និង​បន្លំ​ខ្លួន​ជា​ខ្មោច​និង​បញ្ចេញ​សំឡេង​អឺងកង​ដើម្បី​ឲ្យ​ខ្មោច​ពិត​ប្រាកដ​ភ័យ​រត់​បាត់​រលាយ​សាបសូន្យ​អស់​។

ក្នុង​ប្រវត្តិ​ខ្លះ​បាន​និយាយ​ថា​មាន​ការ​ដុត​មនុស្ស​ដែល​គេ​ថា​ត្រូវ​ខ្មោច​ចូល​ទាំង​រស់​ថែម​ទៀត​ផង​ដើម្បី​ជា​ការ​បន្លាច​ខ្មោច​ព្រាយ​បិសាច​អស់​នោះ​។​ ហេតុ​ការ​ទាំង​អស់​នេះ​បាន​កើត​ឡើង​តាំងពី​មុន​គ្រិស្តសករាជ​មក​ម្ល៉េះ​និយាយ​រួម​គឺ​តាំង​ពី​សម័យ​ដែល​ជំនឿ​រឿង​ខ្មោច​ព្រាយ​បិសាច​នៅ​មាន​ឥទ្ធិពល​ខ្លាំង​ក្លា​ក្នុង​ផ្នត់​គំនិត​មនុស្ស​។ នៅ​ក្នុង​សតវត្ស​ទី​មួយ​នៃ​គ្រិស្តសករាជ​ជនជាតិ​ក្រិក​បាន​ទទួល​យក​ប្រពៃណី​ហាឡូវីន​នេះ​ពី​ជនជាតិ​ព្នង​អំបូរ​ខេល​ ប៉ុន្តែ​មាន​ដក​យក​ការ​ដុត​មនុស្ស​ទាំង​រស់​ចេញ​ប្រើ​មនុស្ស​សិប្បនិមិត្ត​ជំនួស​វិញ​។

ពេល​វេលា​កន្លង​ផុត​ទៅ​​ជំនឿ​រឿង​ខ្មោច​ចូល​សណ្ឋិត​ក្នុង​ខ្លួន​មនុស្ស​ក៏​សាបរលាប​​ ហាឡូវីន​ក្លាយ​ជា​ពិធី​បុណ្យ​តុបតែង​ខ្លួន​ជា​ខ្មោច​បិសាច​មនុស្ស​ឬ​សត្វ​ចម្លែក​តាម​តែ​ចំណង់​ចំណូល​របស់​មនុស្ស​ម្នាក់ៗ។ ប្រពៃណី​ហាឡូវីន​សាយភាយ​មក​ដល់​ប្រទេស​អាមេរិក​ក្នុង​ឆ្នាំ​១៨៤០​ ចំណែក​ប្រពៃណី​ Trick or Treat (ទ្រិច​អរ​ត្រេត) ដែល​ប្រែ​ថា​ លង​ឬ​អោយ​ នោះ​ចាប់​ផ្ដើម​ក្នុង​សតវត្ស​ទី​៩​ដោយ​ជនជាតិ​អឺរ៉ុប​ដែល​ជឿ​ថា​ថ្ងៃ​ទី​២​វិច្ឆិកា​ជា​ថ្ងៃ​ “All Souls”​ ថ្ងៃ​ដែល​វិញ្ញាណ​ទាំង​អស់​នឹង​ដើរ​មក​សុំ​នំ​សម្រាប់​វិញ្ញាណ (Soul Cake) ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ទៀត។ អ្នក​មាន​ជំនឿ​ជឿ​ថា​ឲ្យ​នំ​ទៅ​វិញ្ញាណ​កាន់​តែ​ច្រើន​ វិញ្ញាណ​របស់​បងប្អូន​អ្នក​បរិច្ចាគ​នឹង​បាន​ទទួល​ផល​បុណ្យ​ ហើយ​អាច​មាន​ឱកាស​ឡើង​ឋានសួគ៌​ថែម​ទៀត​ផង។

ចំណែក​ប្រវត្តិ​ល្ពៅ​មាស​នោះ​គឺ​មាន​តំណាល​ថា​មាន​បុរស​លេង​សៀក​ប្រមឹក​ម្នាក់​ឈ្មោះ​ចេក​​ថ្ងៃ​មួយ​បាន​បោក​បិសាច​ឲ្យ​ឡើង​លើ​ដើម​ឈើ​ ហើយ​សរសេរ​ពាក្យ​សីល​នៅ​គល់​ឈើ​ធ្វើ​ឲ្យ​បិសាច​ចុះ​មក​ក្រោម​មិន​បាន​ដូច្នេះ​បិសាច​បាន​សន្យា​ឈប់​ធ្វើ​រឿង​មិន​ល្អ​និង​លង​បន្លាច​គេ​​ឲ្យ​តែ​ព្រម​លុប​ពាក្យ​សីល​នោះ​។ ក្រោយ​ពេល​ចេក​ស្លាប់​គេ​បដិសេធ​មិន​ឡើង​ឋាន​សួគ៌​ក៏​មិន​ចុះ​នរក​ដូច្នេះ​បិសាច​បាន​យក​ធ្យូង​ដែល​កំពុង​ឆេះ​ដល់​គេ​ដើម្បី​ការ​ពារ​អាកាសធាតុ​ត្រជាក់​កណ្ដាល​ភាព​ងងឹត​សូន្យ​សុង​។ បុរស​នោះ​ក៏​ចោះ​ផ្លែ​ធឺណីប​(Turnip)ហើយ​ដាក់​ភ្លើង​ក្នុង​នោះ​ទៅ​កណ្ដាល​ដើម្បី​ឲ្យ​ភ្លើង​ឆេះ​បាន​ល្អ ក្រោយ​មក​ដោយ​សារ​ផ្លែ​ធឺណីប​ពិបាក​រក​មនុស្ស​ក៏​បាន​យក​ផ្លែ​ល្ពៅ​ដែល​ងាយ​រក​ជាង​មក​ជំនួស​វិញ​។ ការដាក់តាំង​​គោម​ឆ្លាក់​រូប​ល្ពៅ​នៅ​មុខ​​ផ្ទះ​គឺ​ដើម្បី​រំលឹក​ដល់​ការ​បញ្ឈប់​អំពើ​អាក្រក់​នៃ​បិសាច​។​

ប្រពៃណី​ “Trick or Treat”​ គឺ​ជា​ការ​លេង​ម្យ៉ាង​ដែល​ក្មេងៗ​ភាគ​ច្រើន​រង​ចាំ​ព្រោះ​ក្នុង​ថ្ងៃ​នោះ​ផ្ទះ​និមួយៗ​បាន​ធ្វើ​នំ​ផ្អែម​រូប​គ្រាប់​ពោត​លឿង​ស​ដែល​ហៅថា​ Corn Candy (ស្ករ​ពោត​)​និង​នំ​ផ្សេងៗ​ទៀត​ ចំណែក​ក្មេង​ៗ​នឹង​តុបតែង​ខ្លួន​ជា​ខ្មោច​ព្រាយ​បិសាច​មក​គោះ​ទ្វារ​​​​​​​តាម​ផ្ទះ​និមួយៗ​ដោយ​ផ្អែក​លើ​ផ្ទះ​មាន​រូប​ល្ពៅ​មាស​ឆ្លាក់​ព្រោះ​នោះ​មាន​ន័យ​ថា​ទទួល​ស្វាគមន៍​ពួកគេ​។​ ក្រោយ​ពេល​គោះទ្វារ​នៅ​ពេល​ម្ចាស់​ផ្ទះ​បើក​ទ្វារ​ក្មេងៗ​និង​សួរ​ទៅ​កាន់​គេ​ថា​ “Trick or Treat”​ បើ​ម្ចាស់​ផ្ទះ​ចុះចាញ់​ត្រូវ​ឆ្លើយ​ថា Treat ហើយ​ប្រគល់​នំ​និង​ស្ករ​គ្រាប់​ឲ្យ​ខ្មោច​ព្រាយ​ទាំង​នោះ​(ក្មេងៗ) ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​ឆ្លើយ​ថា​ Trick ដើម្បី​ឲ្យ​ខ្មោចព្រាយ (ក្មេងៗ) ទាំង​នោះ​លង​មាន​ដូច​ជា​លាន​អណ្ដាត​ឬ​បំផ្លាញ​របស់របរ​តូចតាច​ក្នុង​ផ្ទះ​រហូត​ដល់​ម្ចាស់​ផ្ទះ​ព្រម​ Treat (ព្រម​ឲ្យ) ពួក​គេ​នៅ​ទី​បំផុត​។

ខាង​លើ​នេះ​គឺ​ប្រវត្តិ​ជំនឿ​និង​ប្រពៃណី​ពិធី​បុណ្យ​ហាឡូវីន​របស់​ប្រទេស​លោក​ខាង​លិច​​​​​ដែល​កំពុង​តែ​មាន​ឥទ្ធិពល​ចំពោះ​យុវវ័យ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ​។

ប្រែ​សម្រួល​ ៖ សុខា នីកា
ប្រភព​ ៖  en.wikipedia