ភ្នំពេញ៖ រថយន្តសាមុយ របស់មន្ទីរពេទ្យ សម្រាកព្យាបាល ឡាំប៊ុនថន បានបើក ថយក្រោយបុកម៉ូតូ SL មួយគ្រឿង ពេញមួយទំហឹង បង្កឲ្យមានការ ឈ្លោះប្រកែកគ្នាដោយសារតែ ម្ចាស់ម៉ូតូត្រូវបាន គេស្គាល់ថា ជាអង្គរក្សអ្នកធំម្នាក់ កាលពីវេលាម៉ោង ០១និង៣០នាទីយប់ ឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ នៅចំណុចមុខ ប៉ុស្ដិ៍ស្រះចក តាមបណ្ដោយ មហាវិថីសហពន្ធ័រុស្សី កែងផ្លូវមហាវិថីមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋាន ដែលបានចុះមកដល់ កន្លែងកើតហេតុបាន ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តសាមុយ មន្ទីរពេទ្យសម្រាក ព្យាបាល ឡាំប៊ុនថន ពណ៌ស លាយក្រហម មួយគ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ 2A-4704 ជិះដោយបុរស ដែលទើបតែដឹក ជនរងគ្រោះ ក្នុងគ្រោះថ្នាក់ចរាចរទៅមន្ទីរ ពេទ្យកាល់ម៉ែត ធ្វើដំណើរតាមបណ្តោយ មហាវិថីមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូងខណៈដែល ទៅដល់ចំណុចកើតហេតុ ក៏ជិះហួសផ្លូវត្រូវ បើករយ៉ែយកចង្កូតមិន មើលមុខក្រោយ ស្រាប់តែបានជ្រុល ទៅបុកចំម៉ូតូ SL មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ1J- 0898 ជិះដោយបុរសម្នាក់ និងស្ដ្រីម្នាក់ជាប្រពន្ធ ធ្វើដំណើរតាមបណ្តោយផ្លូវមុនីវង្ស ក្នុងទិសដៅ ពីជើងទៅត្បូង ក្នុងទិសដៅស្របគ្នា ចំពីមុខម៉ូតូពេញទំហឹង បណ្តាលឲ្យម៉ូតូគៀបជាប់ និងរថយន្ដ តែសំណាងល្អ មិនបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ទេ ។
ប៉ុន្តែភាគីខាងម៉ូតូ ដែលគេស្គាល់ថា អង្គរក្សអ្នកធំមានកាំភ្លើងច្រង៉ាង នៅនឹងចង្កេះផងនោះ បានឈ្លោះប្រកែកគ្នា ហើយម្ចាស់ម៉ូតូ SL ខាងលើបាននិយាយថា សំណាងហើយ ដែលរូបគាត់មិនបានរងរបួសធ្ងន់ កុំអីអាចបាត់លុយគាត់រាប់ពាន់នៅក្នុងកាបូបរបស់គាត់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ ចុះវាស់វែងក្នុងគោលបំណង យកម៉ូតូ និងរថយន្ដទៅរក្សាទុកប៉ុន្តែដោយភាគី ទាំងសងខាងសុខចិត្ត សម្របសម្រួល បញ្ចប់បញ្ហានោះទើបសមត្ថកិច្ចជំនាញ ដកថយវិញ៕













