ជ័យជម្នះ២-០នៅទឹកដីក្រុម Crystal Palace យប់មិញ ជួយឱ្យក្រុមកាំភ្លើងធំ Arsenal បន្តកាន់កាប់កំពូលតារាង Barclays Premier League ខណៈខ្សែប្រយុទ្ធ Luis Suarez ធ្វើបានហ៊ែតទ្រីកក្នុងជោគជ័យ៤-១របស់ Liverpool លើ West Brom ក្នុងថ្ងៃដែល Southampton លត់ Fulham ២-០ ហក់ឡើងមកឈរលេខ៣បណ្ដោះអាសន្ន។
ការប្រកួតនៅកីឡដ្ឋាន Selhurst Park ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Mikel Arteta ទាត់បាល់ពិន័យ១១ម៉ែត្រឱ្យ Arsenal នាំមុខនៅនាទីទី៤៧ មុនពេលត្រូវអាជ្ញាកណ្ដាលពិន័យកាតក្រហមក្នុងនាទីទី៦៥។ ទោះជាក្រុមលោក Arsene Wenger សល់គ្នាតែ១០នាក់ ប៉ុន្តែ Crystal ដែលមិនទាន់មានអ្នកចាត់ការនៅឡើយនោះ មិនអាចបំបែករកគ្រាប់បាល់សងវិញបានឡើយ ផ្ទុយទៅវិញ បែរជារបូតគ្រាប់បាល់ទី២នៅនាទីទី៨៧ដោយថ្វីក្បាលខ្សែប្រយុទ្ធជម្រើសជាតិបារាំង Olivier Giroud។
យប់មិញនេះដែរ ពេល Liverpool លត់ West Brom ៤-១ ខ្សែប្រយុទ្ធឆ្នើម Luis Suarez រកបាន៣គ្រាប់ម្នាក់ឯងក្នុងនាទីទី១២,១៧ និង៥៥ មុនពេល Daniel Sturridge ថែមគ្រាប់ទី៤ឱ្យក្រុមលោក Brendan Rodgers ក្នុងនាទីទី៧៧។ រីឯ១គ្រាប់របស់ West Brom បានមកពីការទាត់បាល់ពិន័យ១១ម៉ែត្រពីសំណាក់កីឡាករ James Morrison។
Southampton បន្តបង្កភាពភ្ញាក់ផ្អើលក្នុងរដូវកាលថ្មីនេះ តាមរយៈការផ្ដួល Fulham ២-០ ហក់ឡើងទៅកាន់ចំណាត់ថ្នាក់លេខ៣ក្នុងតារាងបណ្ដោះអាសន្ន។ ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Rickie Lambert ស៊ុតគ្រាប់ទី១ក្នុងនាទី២០ ហើយ Jay Rodriguez ស៊ុតគ្រាប់ទី២ក្នុងនាទីទី៤៣។
ដោយឡែក ក្រុមបិសាចក្រហម Manchester United ប៊ិះនឹងចាញ់ភ្ញៀវ Stoke City នៅ Old Trafford ទៅហើយយប់មិញ ប៉ុន្តែវាយបកយកឈ្នះ៣-២វិញ បន្ទាប់ពីប្ដូរ Adnan Januzaj និង Chicharito ចូលក្នុង៣០នាទីចុងក្រោយនៃការប្រកួត។
រូបថត៖ dailymail













