បាកាន​​គឺ​ជា​អតីត​រាជធានី​ដ៏​ល្បីល្បាញ​មួយ​​​របស់​ភូមា​ក្នុង​​អំឡុង​សតវត្ស​ទី​៩​ដល់​ទី​១១​  ដែល​​​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទេស​នេះ​ចាត់​ទុក​ថា ជា​ដួង​ព្រលឹង​​ជាតិ​រហូត​មកដល់​សព្វថ្ងៃ។


ស្ថិត​នៅ​​​មាត់ច្រាំង​ទន្លេ​អ៊ីរ៉ាវ៉ាឌី ភាគ​កណ្ដាល​ប្រទេស ទីក្រុង​បុរាណ​នេះ​ត្រូវ​បាន​កសាង​ឡើង​​នៅ​វាល​ទំនាប​បាកាន ដែល​មាន​​វត្តមាន​វត្តអារាម​ប្រមាណ​ជា​១០.០០០​វត្ត​នៅ​អំឡុង​ពេល​នោះ​។ អ្វី​ដែល​គេ​មើល​ឃើញ​​ផុស​ឡើង​លេចធ្លោ​ជាងគេ​នោះ គឺ​ព្រះវិហារ​បុរាណ​មួយ​ដែល​មាន​កម្ពស់​ខ្ពស់​ជាងគេ​ឈរ​នៅ​ចំកណ្ដាល។

​​​​​​​អស់​រយៈ​ពេល​​២៥០​ឆ្នាំ បាកាន​បាន​ដើរ​តួនាទី​​​ជា​ទីក្រុង​ដ៏​មាន​សក្ដានុពល​មួយ​លើ​វិស័យ នយោបាយ សេដ្ឋកិច្ច វប្បធម៌ សម្រាប់​ប្រជាពលរដ្ឋ​របស់​ខ្លួន ដូច​អាណាចក្រ​អង្គរ​ដែរ។ ក៏ប៉ុន្តែ សម័យ​កាល​ដ៏​រុងរឿង​នេះ​បាន​​រលត់​ទៅវិញ​​​នៅ​​​ក្នុង​ឆ្នាំ​​១២៨៧ បន្ទាប់​ពី​មាន​ការ​​លុកលុយ​ពី​ពួក​ម៉ុងហ្គោល។


នេះ​គឺ​ជា​ធ្លាក់​ចុះ​ដ៏​គំហុក​មួយ​នៃ​​សក្ដានុពល​ទីក្រុង​មួយ​នេះ ហើយ​ទី​បំផុត​វា​បាន​ក្លាយ​ជា​ទីក្រុង​បុរាណ​មួយ​​ដែល​ត្រូវ​គេ​បោះបង់ចោល​ ខណៈ​វត្តអារាម​ផ្សេងៗ​ជាច្រើន​ត្រូវ​បាក់​រលំ​តាម​ពេល​វេលា​ដែរ និង​ការ​រំខាន​ពី​គ្រោះ​ធម្មជាតិ​រហូត​មាន​ចំនួន​ត្រឹមតែ​២២០០​វត្ត​ប៉ុណ្ណោះ​មក​ដល់​សព្វថ្ងៃ។ ​

ទីនេះ​ធ្លាប់​ត្រូវ​បាន​រដ្ឋាភិបាល​របស់​ខ្លួន​ស្នើសុំ​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទៅ​អង្គការ​NUNESCO​ផង​ដែរ​នៅ​ពេល​កន្លងមក។ ក៏ប៉ុន្តែ​អង្គការ​នេះ​បាន​បដិសេធន៍​បន្ទាប់​ពី​រដ្ឋាភិបាល​ខ្លួន​ បាន​ជួសជុល​វត្តអារាម​ទាំង​នេះ​ធ្វើ​ឲ្យ​ខូចខាត​រចនាបថ​ដើម ហើយ​ទីបំផុត​វា​បាន​ត្រឹមតែ​ជា​កន្លែង​ទាក់ទាញ​ទេសចរណ៍​​ដ៏​ល្បីល្បាញ​មួយ​របស់​ប្រទេស​នេះ​តែប៉ុណ្ណោះ៕