កីឡាករកំពូលទាំងពីរក្នុងលោក Lionel Messi និង Cristiano Ronaldo នឹងត្រូវជួបគ្នាជាថ្មីក្នុងជំនួប El Clasico នាយប់ថ្ងៃសៅរ៍ខាងមុខនេះ។ តើ Messi ឬ Ronaldo នឹងក្លាយជាតួឯកក្នុងការប៉ះគ្នារវាង Barcelona និង Real Madrid លើកនេះ?
Messi vs Ronaldo (រូបភាព៖ bubblews)
Messi ធ្លាប់លេងទល់នឹង Real Madrid ២៥ដង ក្នុងនោះនៅ Champions League២ដង, នៅ La Liga ១៤ដង, នៅ Copa Del Rey ៥ដង និងនៅ Spanish Supercopa ៤ដង។ ចំណែក Ronaldo វិញ ធ្លាប់តទល់នឹង Barcelona ១៩ដង ពោលគឺនៅ Champions League ២ដង (មិនគិតពេលលេងឲ្យ Man Utd), នៅ La Liga ៨ដង, នៅ Copa Del Rey ៥ដង និងនៅ Supercopa ៤ដង។
កីឡាករអាហ្សង់ទីន វ័យ២៦ឆ្នាំ មានភាគរយឈ្នះ៤៤% និងគ្រាប់បាល់ស៊ុតបញ្ចូលទីជាមធ្យមក្នុង១ប្រកួត ០,៧២ ខណៈកីឡាករព័រទុយហ្គាល់ វ័យ២៨ឆ្នាំ មានភាគរយឈ្នះ២៦% និងអត្រាស៊ុត ០,៦៣គ្រាប់ក្នុង១ប្រកួត។ ជាមួយគ្នានេះដែរ Messi បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី (Assist) ចំនួន១១ដង រីឯ Ronaldo មានតែម្ដងប៉ុណ្ណោះ។
បើមើលតែលើចំនួនតួលេខខាងលើ ច្បាស់ណាស់ថាកំណត់ត្រារបស់ Messi នៅ El Clasico គឺល្អជាងគូប្រជែងរបស់ខ្លួន។ ប៉ុន្តែ Ronaldo ក៏មានចំណុចល្អជាងគូប្រជែងជនជាតិអាហ្សង់ទីនរបស់ខ្លួននោះដែរ ពោលគឺក្នុងជំនួប El Clasico ៦ដងចុងក្រោយ Ronaldo អាចស៊ុតបញ្ចូលទីបាន៦គ្រាប់ ខណៈ Messi បាន៥គ្រាប់។
បច្ចុប្បន្នប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Messi កំពុងឈរលើគេក្នុងតារាងអ្នកស៊ុតបញ្ចូលទីនៅក្នុងប្រវត្តិជំនួប El Clasico ស្មើនឹង Alfredo Di Stefano ខណៈកាលពីខែតុលា ឆ្នាំ២០១២ Ronaldo ក៏ក្លាយជាកីឡាករទី១ ដែលអាចស៊ុតបញ្ចូលទីបាន៦ប្រកួតជាប់គ្នាក្នុងជំនួបក្រុមយក្សទាំងពីរនេះផងដែរ។
តោះ! មើលតារាងខាងក្រោមនេះ ដើម្បីឲ្យឃើញកាន់តែច្បាស់៖
| កំណត់ត្រា Messi ទល់នឹង Real Madrid | |||||
| ចំនួនប្រកួត | គ្រាប់បាល់ | បញ្ជូន (assist) | ឈ្នះ | ចាញ់ | ស្មើ |
| ២៥ | ១៨ | ១១ | ១១ | ៧ | ៧ |
| កំណត់ត្រា Ronaldo ទល់នឹង Barcelona | |||||
| ចំនួនប្រកួត | គ្រាប់បាល់ | បញ្ជូន (assist) | ឈ្នះ | ចាញ់ | ស្មើ |
| ១៩ | ១២ | ១ | ៥ | ៨ | ៦ |
បើមើលលើទិន្នន័យខាងលើ យើងសង្កេតឃើញថា កីឡាករទាំងពីរមានចំណុចល្អរៀងខ្លួន ខណៈរយៈពេលចុងក្រោយនេះកីឡាករទាំងពីរក៏នៅតែបង្ហាញទម្រង់លេងកំពូលរបស់ខ្លួនដដែល ដោយពុំមានស្រកស្រុតនោះទេ។ ដូច្នេះអាចនិយាយបានថាការប្រកួតនៅ Camp Nou ម៉ោង១១យប់ថ្ងៃសៅរ៍ស្អែកនេះនឹងពិបាកទាយទុកមុនណាស់។
ប្រិយមិត្តសាកទាយលមើល៍ ថាតើជំនួបលើកនេះ ក្រុមណានឹងឈ្នះ?
ក្រៅពី Messi និង Ronaldo កីឡាករចំណូលថ្មី២រូបទៀតរបស់ក្លិបទាំងពីរក៏ជាទីចាប់អារម្មណ៍នោះដែរ គឺ Neymar របស់ Barcelona និង Gareth Bale របស់ Real Madrid។ តើកីឡាករទាំងពីរ នឹងអាចរួមចំណែកបានធំធេងប៉ុណ្ណាដែរ?
Bale និង Neymar ចូលជាតួសំខាន់ជាមួយ Ronaldo និង Messi ក្នុងជំនួប El Clasico(រូបភាព៖ ciyaarahamaanta)
ងាកមកមើលជំនួប៥ដងចុងក្រោយនៃក្រុមទាំងពីរវិញ គឺ Real Madrid ឈ្នះ៣ដង និងស្មើ២ដង ឯ Barcelona បានត្រឹមស្មើ២ដងប៉ុណ្ណោះ (តារាងខាងក្រោម)។
មើលវីដេអូសំខាន់ៗមួយចំនួនរបស់កីឡាករទាំងពីរនៅ El Clasico មុនៗ ដូចខាងក្រោម៖
Messi ស៊ុតហ៊ែតទ្រីកក្នុងថ្ងៃដំបូងរបស់ខ្លួននៅ El Clasico ខែមិនា ឆ្នាំ២០០៧
Ronaldo ស៊ុតបញ្ចូលទី Barca នៅ Supercopa ខែសីហា ឆ្នាំ២០១២
Ronaldo ២-២ Messi នៅ La Liga ខែតុលា ឆ្នាំ២០១២
- Messi ក្លាយជាកីឡាករទី១ អាចធ្វើហ៊ែតទ្រីក៤ដងនៅ Champions League













