ដំណឹង​ទូរសព្ទ​ត្រកូល Nexus ជំនាន់​ថ្មី​ដែល​ជា​សមិទ្ធផល​រួម​គ្នា​រវាង Google និង LG គឺ Nexus 5 បាន​មក​ដល់​ទៀត​ហើយ។ Smartphone ដែល​នឹង​បាន​ភ្លក់​ប្រព័ន្ធ​ប្រតិបត្តិការ Android ជំនាន់​ថ្មី​ចុង​ក្រោយ​គឺ Android 4.4 KitKat មុន​គេ​នេះ​នឹង​បង្ហាញ​រូបរាង​ពិត​ក្នុង​ថ្ងៃ​ទី ៣១ ខែ​តុលា​ខាង​មុខ។

Nexus 5

ប្រភព​បាន​ឱ្យ​ដឹង​ទៀត​ថា Google Nexus 5 រំពឹង​ថា​នឹង​ចេញ​លក់​នៅ​ហាង​មួយ​ចំនួន​ក្នុង​ប្រទេស​កាណាដា​ដូច​ជា Rogers, Telus, Bell, Koodo និង Virgin នៅ​ថ្ងៃ​ទី៧ ឬ​ទី៨ខែ​វិច្ឆិកា​ក្រោយ​នេះ។ លក្ខណៈ​សម្បត្តិ​ខ្លះៗ​ដែល​ធ្លាប់​បាន​អះអាង​នៅ​លើ Nexus 5 រួម​មាន៖ អេក្រង់ ៥អ៊ីញ full HD មាន resolution ទំហំ 1920 x1080px។ បំពាក់ chip របស់​ក្រុមហ៊ុន Qualcomm ប្រភេទ Snapdragon 800 ល្បឿន 2.2GHz ឬ 2.3GHz និង​មាន RAM ទំហំ 2GB។

ចំណែក​ទំហំ Memory ម៉ាស៊ីន​មាន ២ជម្រើស​គឺ 16/32GB ដូច​ដែល​បាន​បង្ហោះ​នៅ​លើ Google Play ពី​ពេល​ថ្មីៗ​នេះ តែ​មិន​បាន​ប៉ុន្មាន​ផង​ក៏​ត្រូវ​បាន​គេ​លុប​ចេញ​វិញ។ កាមេរ៉ា Nexus 5 នឹង​មាន​ទំហំ 8MP និង​ខាង​មុខ 1.3MP ភ្ជាប់​ជា​មួយ​បច្ចេកវិទ្យា ISO ថត​វីដេអូ​បាន full HD ក្នុង​កម្រិត​ភិចហ្សែល 1080p។

តម្លៃ​មិន​ផ្លូវការ​ចេញ​ពី​ប្រភព​ថា Nexus 5 ទំហំ 16GB និង​មាន​តម្លៃ ៣៥០ដុល្លារ តែ​សម្រាប់ 32GB ពុំ​ទាន់​មាន​ប្រភព​ណា​អះអាង​នៅ​ឡើយ៕

សូម​ចុច​អាន៖ Nexus 5 និង Galaxy S5 កក្រើក​សម្បើម​ណាស់​ប៉ុន្មាន​ថ្ងៃ​នេះ