flatnews

ភ្នំពេញ៖ ឃាត់ខ្លួនបុរសម្នាក់ តាមដីកាបង្គាប់ របស់សាលាដំបូងខេត្តឧត្តរមានជ័យ ក្នុងករណីបើក រថយន្តបង្កគ្រោះថ្នាក់ចរាចរ ដែលបណ្តាលមនុស្សពីរនាក់ស្លាប់។

យោងតាមដីកានាំខ្លួន លេខ ០៥៧ ក្នុងសំណុំរឿង លេខ ២០២ អ.ក របស់ចៅក្រមស៊ើបសួរ របស់ អយ្យការ អមសាលាដំបូងខេត្តឧត្តរមានជ័យ បានឃាត់ខ្លួនបុរសម្នាក់ ជាប់ពាក់ព័ន្ធ បើករថយន្ត បង្កគ្រោះថ្នាក់ចរាចរ បណ្តាលឱ្យមនុស្ស ២នាក់ ត្រូវបាត់បង់ជីវិត ហើយបានរត់គេចខ្លួននោះ មាន ឈ្មោះ លី សុខផេង អាយុ ២៨ឆ្នាំ ទីលំនៅ ក្នុងភូមិថ្នល់កណ្តាលលើ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានកងរាជ អាវុធហត្ថខេត្តឧត្តរមានជ័យ ធ្វើការឃាត់ខ្លួនជាលើកទី២ វេលា ម៉ោង១០ ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៣ បន្ទាប់ពីមានការឃាត់ខ្លួន លើកទី១ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ហើយត្រូវបានដោះលែង ឲ្យមានសេរីភាពវិញភ្លាមៗ ដោយមានវប្បធម៌អន្តរាគមន៍ ចូល លុកលុយ ក្រោមអំណាចរបស់អ្នកធំ ក្នុងស្ថាប័នយុត្តិធម៌ ។

តាមឱ្យដឹង ពីនគរបាលព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថ ស្រុកអន្លង់វែង បានឱ្យដឹងថា បុរស ឈ្មោះ លី សុខផេង ពាក់ព័ន្ធនឹងករណីស្រវឹងស្រា បើករថយន្តម៉ាកឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាក លេខ កំពង់ស្ពឺ 2A-0467 បានបង្កឱ្យមានគ្រោះថ្នាក់ចរាចរ និងបណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ភ្លាមៗ នៅ កន្លែងកើតហេតុ កាលវេលាម៉ោង៧ និង៣០នាទី យប់នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ លើកំណាត់ ផ្លូវជាតិលេខ៦៧B ទល់មុខភោជនីយដ្ឋានម៉ាណា ក្នុងភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

សាក្សីដែលបាន ឃើញហេតុការណ៍នេះ បាននិយាយថា ជនរងគ្រោះទាំង ២នាក់ បានជិះម៉ូតូម៉ាក ស្កុបពី ពុំមានស្លាកលេខ ពណ៌សលាយខ្មៅ អ្នកបើកបរ ឈ្មោះ អួន សុភ័ណ្ឌ ភេទប្រុស អាយុ ២១ឆ្នាំ និងបុរសអ្នកជិះពីក្រោយ ឈ្មោះ ស៊ឺ ប៊ុនឡូ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងទៀតថា រថយន្តរបស់ឈ្មោះ លី សុខផេង បានបើកប្រដេញ គ្នាយ៉ាងលឿន ជាមួយរថយន្តមួយគ្រឿងផ្សេងទៀត ចេញពីទីរួមស្រុកអន្លង់វែង ឆ្ពោះទៅខេត្ត សៀមរាប លុះមកដល់កន្លែងកើតហេតុ រថយន្តរបស់ឈ្មោះ លី សុខផេង បានបើកប្រជែង រថយន្ត មួយទៀត ក្នុងស្ថានផ្លូវកោងខ្លាំង ហើយពេលនោះ ជនរងគ្រោះទាំងពីរនាក់ កំពុងជិះម៉ូតូលើកំណាត់ ផ្លូវជាមួយគ្នា និងបញ្ច្រាសទិសគ្នា តែពេលនោះរថយន្តឈ្មោះ លី សុខផេង បានបើកឆ្លងគំនូស ទៅ ឆ្វេងដៃបុកម៉ូតូ ហើយរថយន្តនោះ បានកិនជនរងគ្រោះ បណ្តាលឱ្យស្លាប់ភ្លាមៗ នៅកន្លែង ទាំងពីរនាក់ តែម្តង។

រីឯម៉ូតូត្រូវគាបជាប់ ជាមួយរថយន្ត និងអូសតាមផ្លូវជាច្រើនម៉ែត្រ បណ្តាលឲ្យរងការខូចខាត ស្ទើរ ទាំងស្រុង ហើយរថយន្តជនបង្កហេតុ ក៏បានជ្រុលល្បឿនទៅមុខទៀត ចម្ងាយជាង១០០ម៉ែត្រ ទើប រថយន្តបង្កត្រូវអស់ល្បឿន ដោយធ្លាក់ចូលប្រឡាយខាងឆ្វេងដៃ បន្ទាប់មក អ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួន បាត់ស្រមោលតែម្តង ។

ក្រោយពីការរត់គេចខ្លួន របស់ជនបង្ក សមត្ថកិច្ចក៏បាន ចុះទៅដល់កន្លែងកើតហេតុ ។ នៅក្នុង ប្រតិបត្តិការការងារនោះ បើទោះជាមានសាក្សី បញ្ជាក់អំពីអត្តសញ្ញាណ អ្នកបើកបរបង្កគ្រោះថ្នាក់ និងស្គាល់ច្បាស់ ថាជារថយន្តរបស់ឈ្មោះ លី សុខផេង ក៏ដោយ ក៏សមត្ថកិច្ចមិនហ៊ានតាមឃាត់ ខ្លួនជន នោះឡើយ។

ជនសង្ស័យឈ្មោះលី សុខផេង ត្រូវបានឃាត់ខ្លួនលើកទី១ បន្ទាប់ពីបាន បង្កគ្រោះថ្នាក់ដល់ទៅជិត ១ខែឯណោះ តាមដីកានាំខ្លួន របស់អយ្យការអមសាលាដំបូង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០១៣ ( ថ្ងៃបង្កគ្រោះ ២០ កញ្ញា ២០១៣ ) តែជនសង្ស័យត្រូវបានដោះលែង ឱ្យរួចខ្លួនវិញ ព្រោះត្រូវបាន អ្នកមានអំណាចម្នាក់ ក្នុងស្ថាប័នយុត្តិធម៌ ជួយអន្តរាគមន៍ ដោះលែង ឱ្យមាន សេរីភាព ដែលប្រការនេះ បានធ្វើឱ្យការអនុវត្តន៍ច្បាប់ ពុំមានប្រសិទ្ធភាព ចំពោះជនប្រព្រឹត្តបទ ល្មើស ហើយជនរងគ្រោះបាត់បង់ជីវិត ត្រូវរងភាពអយុត្តិធម៌។

វប្បធម៌អន្តរាគមន៍ របស់អ្នកធំមានអំណាច គឺជាបញ្ហាចម្បង នៅក្នុងសង្គមខ្មែរ ធ្វើឲ្យប្រជាពលរដ្ឋ កម្ពុជាស្លូតត្រង់ រងសម្ពាធអយុត្តិធម៌ ដែលបញ្ហាសង្គមមួយជ្រុងនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាល កម្ពុជា កំពុងយកចិត្តទុកដាក់លុបបំបាត់ និង កែលម្អ តម្លៃយុត្តិធម៌សង្គមឡើងវិញ ។

ទើបនាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ បានឃាត់ខ្លួនជនសង្ស័យ ជាលើកទី២ ប៉ុន្តែចំណាត់ការ នៅពេលក្រោយនោះ គេពុំទាន់បានដឹង អំពីលទ្ធផលនៅឡើយទេ អំពីនីតិវិធីអនុវត្តច្បាប់ របស់សាលាដំបូង ខេត្តឧត្តរមានជ័យ ហើយគេក៏កំពុងចង់ដឹងថា តើការអនុវត្តន៍ច្បាប់ របស់សាលា ដំបូងខេត្តឧត្តរមានជ័យ មានយុត្តិធម៌ និងមានប្រសិទ្ធិភាពដែរ ឬយ៉ាងណា ? ។ ជាមួយគ្នានេះដែរ តាមការឲ្យដឹង ពីគ្រួសារជនរងគ្រោះ ដែលបាត់បង់ជីវិតនោះ រហូតមកដល់ពេលនេះ ពុំទាន់បាន ទទួលដំណោះស្រាយអ្វីបន្តិចឡើយ ហាក់បីដូចជា ស្ថិតក្នុងស្ថានភាព ដែលពុំមានការទទួល ខុសត្រូវអំពីច្បាប់ ៕





Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item